ការនាំផ្លូវដែលយើងត្រូវការ
ព្រះវិហារសេន នីកូឡាស ក្នុងទីក្រុងហ្គលវេយ ប្រទេសអ៊ែកឡង់ មានប្រវត្តិសាស្រ្តដ៏យូរលង់ ហើយក៏ជាព្រះវិហារដែលមានសកម្មភាព ក្នុងសម័យបច្ចុប្បន្នផងដែរ។ ព្រះវិហារនេះ ជាព្រះវិហារចាស់ជាងគេ ក្នុងប្រទេសអ៊ែកឡង់ ហើយបានផ្តល់នូវការនាំផ្លូវ តាមរបៀបដ៏មានប្រសិទ្ធិភាព។ គេបានសង់អគារព្រះវិហារនេះ នៅកន្លែងខ្ពស់ជាងគេ ក្នុងក្រុង បានជានាយនាវាទាំងឡាយតែងតែមើលទៅកំពូលនៃព្រះវិហារនេះជាគោល ដើម្បីរកផ្លូវចូលទៅឯឆកសមុទ្រនៃក្រុងហ្គលវេយ ដោយសុវត្ថិភាព។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលនាវិកទាំងឡាយបានត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាព ដោយពឹងផ្អែកលើការចង្អុលបង្ហាញផ្លូវរបស់ព្រះវិហារនោះ។
យើងរាល់គ្នា សុទ្ធតែត្រូវការការនាំផ្លូវ ក្នុងការរស់នៅ។ តាមពិត ព្រះយេស៊ូវបានមានបន្ទូល អំពីតម្រូវការមួយនេះ ក្នុងអំឡុងពេលព្រះអង្គជួបជុំជាមួយពួកសិស្ស សោយអាហារក្នុងបន្ទប់ខាងលើ។ ព្រះអង្គមានបន្ទូលថា ពេលដែលព្រះអង្គបានយាងឡើងនគរស្ថានសួគ៌វិញ ព្រះវិញ្ញាណបរិសុទ្ធ នឹងយាងចុះមកបំពេញតួនាទីដ៏សំខាន់ ក្នុងជីវិតរបស់គ្រីស្ទបរិស័ទ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។
នេះជាការនំាំផ្លូវដ៏អស្ចារ្យ! ក្នុងលោកិយដែលមានការភ័ន្តច្រឡំ និងការភ័យខ្លាច យើងច្រើនតែត្រូវការការនាំផ្លូវ។ យើងងាយនឹងវង្វេង ដោយសារវប្បធម៌ដែលនៅជុំវិញខ្លួនយើង ឬដោយសារភាពបែកបាក់ ដែលនៅក្នុងជីវិតយើង ដែលនាំយើងឲ្យដើរផ្លូវខុស(១យ៉ូហាន ២:១៥-១៧)។ ទោះជាយ៉ាងណាក៏ដោយ ព្រះវិញ្ញាណរបស់ព្រះ បានយាងចុះមកដើម្បីជួយ ដឹកនាំ និងនាំផ្លូវយើង។ ចូរយើងអរព្រះគុណព្រះអង្គ សម្រាប់ការដែលព្រះវិញ្ញាណនៃសេចក្តីពិត បានយាងចុះមក ដើម្បីប្រទាននូវការនាំផ្លូវ ដែលយើងច្រើនតែត្រូវការយ៉ាងខ្លាំង។…
ភាពអស្ចារ្យនៃឈើឆ្កាង
ពេលដែលខ្ញុំទៅដើរលេង នៅប្រទេសអូស្រាលី ខ្ញុំមានឱកាសមើលផ្កាយឈើឆ្កាងខាងត្បូង ក្នុងពេលយប់ដែលមានផ្ទៃមេឃស្រឡះល្អ។ ផ្កាយនេះមានទីតាំងនៅភាគខាងត្បូង។ វាស្ថិតក្នុងចំណោមផ្កាយដែលមានលក្ខណៈពិសេសបំផុត ក្នុងលំហរអាកាស។ អ្នកធ្វើដំណើរតាមសមុទ្រ និងពួកនាវិក បានចាប់ផ្តើមពឹងផ្អែកលើទីតាំងរបស់ផ្កាយនេះ ក្នុងសតវត្សរ៍ទី១៥ ក្នុងការស្វែងរកទិស និងរកផ្លូវធ្វើដំណើរក្នុងសមុទ្រ នៅពេលយប់ងងឹត។ បើធៀបជាមួយផ្កាយផ្សេងទៀត ផ្កាយនេះមិនសូវធំប៉ុន្មានទេ តែគេអាចមើលវាឃើញនៅពេលយប់ ក្នុងពេលភាគច្រើននៃឆ្នាំនីមួយៗ។ នៅពេលយប់ងងឹត ផ្កាយឈើឆ្កាងខាងត្បូងបញ្ចេញពន្លឺច្បាស់ណាស់ បានជាខ្ញុំអាចមើលវាឃើញ ទោះវានៅក្នុងកណ្តាលចំណោមផ្កាយដ៏ច្រើនក៏ដោយ។ វាពិតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមែន!
ព្រះគម្ពីរបានចែង អំពីឈើឆ្កាង ដែលមានភាពអស្ចារ្យជាងនេះទៅទៀត គឺឈើឆ្កាងនៃព្រះគ្រីស្ទ។ ពេលដែលយើងក្រឡេចមើលផ្កាយទាំងឡាយ យើងមើលឃើញស្នាព្រះហស្តដ៏ស្រស់ត្រកាល របស់ព្រះអាទិករ ប៉ុន្តែ ពេលយើងមើលទៅឈើឆ្កាង យើងមើលឃើញព្រះអង្គសង្រ្គោះ សុគតជួសមនុស្ស ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ។ គឺដូចដែលបទគម្ពីរហេព្រើ ១២:២ បានប្រាប់យើងឲ្យ “រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ”។
ឈើឆ្កាងនៅកាល់វ៉ារីមានភាពអស្ចារ្យ គឺដោយសារព្រះសង្រ្គោះនៃយើងបានសុគតជួសយើង នៅពេលដែលយើងនៅមានបាបនៅឡើងផង(រ៉ូម ៥:៨)។ អ្នកដែលទទួលជឿព្រះគ្រីស្ទ គឺបានជានឹងព្រះហើយ ហើយព្រះអង្គសព្វព្រះទ័យនឹងដឹកនាំពួកគេ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ(២កូរិនថូស ១:៨-១០)។ ការលះបង់របស់ព្រះគ្រីស្ទ នៅលើឈើឆ្កាង ជាការលះបង់ដ៏អស្ចារ្យបំផុត!-Bill Crowder
ខ្សែបន្ទាត់បន្ទុកនាវា
ក្នុងសតវត្សរ៍ទី១៩ គេច្រើនតែផ្ទុកឥវ៉ាន់នៅលើសំពៅលើសចំណុះ ដោយខ្វះការពិចារណា បានជាមានសំពៅជាច្រើនបានលិច ហើយនាវិកត្រូវបាត់ខ្លួន ក្នុងសមុទ្រ។ ក្នុងឆ្នាំ ១៨៧៥ ដើម្បីកែប្រែទម្លាប់នៃការថ្វេសប្រហែសនេះ លោកសែមញួល ភ្លីមសូល(Samuel Plimsoll) ដែលជាអ្នកនយោបាយនៃចក្រភពអង់គ្លេស ក៏បានផ្តួចផ្តើមគំនិតបង្កើតច្បាប់ ដើម្បីដាក់គំនូសខ្សែបន្ទាត់ នៅចំហៀងនាវាទាំងឡាយ ដើម្បីបង្ហាញឲ្យដឹងថា នាវាទាំងនោះ បានផ្ទុកទំនិញហួសកំណត់ឬអត់។ ក្រោយមក “ខ្សែបន្ទាត់បន្ទុកនាវា” ត្រូវបានគេហៅថា ខ្សែបន្ទាត់ភ្លីមសូល ដែលគេនៅតែបន្តប្រើជាគំនូសនៅលើចំហៀងនាវាសព្វថ្ងៃ។
ជួនកាល ជីវិតរបស់យើងហាក់ដូចជាមានបន្ទុក នៃការភ័យខ្លាច ទុក្ខលំបាក និងការឈឺក្បាលច្រើនពេក មិនខុសពីនាវាទាំងនោះឡើយ។ យើងថែមទាំងអាចមានអារម្មណ៍ថា យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ នៃការលិចលង់។ ទោះបីជាយ៉ាងណាក៏ដោយ ពេលយើងស្ថិតក្នុងពេលបែបនេះ សូមយើងកម្លាចិត្តខ្លួនឯង ដោយចាំថា យើងមានប្រភពនៃជំនួយដ៏អស្ចារ្យ។ យើងមានព្រះវរបិតាដែលបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសម្រាលបន្ទុកយើង។ គឺដូចដែលសាវ័កពេត្រុសបានមានប្រសាសន៍ថា “ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៦-៧)។ ព្រះអង្គអាចដោះស្រាយបញ្ហាដែលញាំញីជីវិតយើង។
ទោះបីជាយើងប្រហែលជាគិតថា ការល្បងលក្នុងជីវិតយើង ហាក់ដូចជាបន្ទុកដែលធ្ងន់ពេក ដែលយើងមិនអាចលីរួចក៏ដោយ ក៏យើងនៅតែអាចមានការធានាទាំងស្រុងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ស្រឡាញ់យើងខ្លាំងណាស់ ហើយព្រះអង្គបានជ្រាបថា សមត្ថភាពយើងមានកំរិត។ ទោះយើងជួបបញ្ហាអ្វីក៏ដោយ…
កូនចិញ្ចឹម
ខ្ញុំ និងម៉ាលីន(Marlene)បានរៀបការអស់រយៈពេលជាង៣៥ឆ្នាំហើយ។ ពេលដែលយើងចាប់ផ្តើមធ្វើការណាត់ជួបជាលើកទីមួយ យើងមានការសន្ទនាដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ នាងបានប្រាប់ខ្ញុំថា ពេលនាងមានអាយុ៦ខែ គេបានយកនាងចិញ្ចឹម។ ខ្ញុំក៏សួរនាងថា តើនាងធ្លាប់ឆ្ងល់ទេថា ឪពុកម្តាយពិតប្រាកដរបស់នាងជានរណា? នាងក៏បានឆ្លើយថា “មានក្មេងជាច្រើននាក់ ដែលឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំ អាចរើសមកចិញ្ចឹម នៅថ្ងៃនោះ ប៉ុន្តែ ពួកគាត់បានជ្រើសរើសខ្ញុំ។ ពួកគាត់បានយកខ្ញុំទៅចិញ្ចឹម។ ការនេះបានធ្វើឲ្យពួកគាត់ ក្លាយជាឪពុកម្តាយពិតប្រាកដរបស់ខ្ញុំ”។
ត្រង់ចំណុចនេះ នាងមានការទទួលស្គាល់ និងដឹងគុណយ៉ាងខ្លាំង ចំពោះឪពុកម្តាយចិញ្ចឹមរបស់នាង ហើយយើងក៏អាចមានទំនាក់ទំនងល្អដូចនេះ ជាមួយនឹងព្រះផងដែរ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងបានកើតជាថ្មី តាមរយៈជំនឿលើព្រះអង្គ ហើយព្រះអង្គបានទទួលចិញ្ចឹមយើង ក្នុងមហាគ្រួសារនៃព្រះ។ គឺដូចដែលសាវ័កប៉ុលបានចែងក្នុងព្រះគម្ពីរថា “ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់”(អេភេសូរ ១:៤-៥)។
សូមយើងកត់សំគាល់ អំពីលក្ខណៈនៃទំនាក់ទំនងនេះ។ ព្រះអង្គបានជ្រើសរើស ហើយចិញ្ចឹមយើង ជាកូនប្រុសស្រីរបស់ព្រះអង្គ។ តាមរយៈការទទួលចិញ្ចឹមនេះ យើងមានទំនាក់ទំនងថ្មីស្រឡាង ជាមួយនឹងព្រះអង្គ។ ព្រះអង្គជាព្រះវរបិតា ដ៏ជាទីស្រឡាញ់នៃយើង!
សូមឲ្យទំនាក់ទំនងនេះ បណ្តាលចិត្តយើង ឲ្យថ្វាយបង្គំព្រះអង្គ ដែលជាព្រះវរបិតានៃយើង ដោយចិត្តកត្តញ្ញូ។-Bill Crowder
សប្បាយលាយទុក្ខ
ពេលដែលខ្ញុំ និងម៉ាលីន(Marlene) រៀបការ យើងទាំងពីរនាក់ មានអារម្មណ៍ “សប្បាយលាយទុក្ខ”។ តែសូមកុំយល់ច្រឡំ។ មង្គលការរបស់យើងទាំងពីរ នៅថ្ងៃនោះ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ក្នុងជីវិតយើង បានជាយើងនៅតែបន្តអបអរសាទរមង្គលការនេះ ជាង៣៥ឆ្នាំមកហើយ។ យើងមានអារម្មណ៍លាយឡំគ្នាដូចនេះ ពេលដែលម្តាយរបស់ម៉ាលីបានលាចាកលោក ដោយសារជម្ងឺមហារីក បានពីរបីសប្តាហ៍ មុនពេលយើងរៀបការ។ ពេលនោះ ម្តាយមីងរបស់ម៉ាលីនក៏បានមកជំនួសម្តាយរបស់នាង ក្នុងនាមជា “ម្តាយរបស់កូនក្រមុំ” ប៉ុន្តែ ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ យើងដឹងច្បាស់ថា យើងកំពុងខ្វះអ្វីមួយដ៏សំខាន់។ គឺយើងខ្វះវត្តមានរបស់អ្នកម្តាយរបស់ម៉ាលីន ហើយការនេះបានមានផលប៉ះពាល់មកលើការគ្រប់យ៉ាង ក្នុងថ្ងៃនោះ។
បទពិសោធន៍មួយនេះ ជារឿងដែលកើតឡើងជាធម្មតា ក្នុងលោកិយដែលបាក់បែក។ មនុស្សម្នាក់ៗរស់នៅ ដោយអំណរ លាយឡំនឹងទឹកភ្នែក ការអាក្រក់លាយឡំនឹងការល្អ។ នេះជាការពិតមែន បានជាស្តេចសាឡូម៉ូនបានមានបន្ទូលថា “នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្តីសៅសោកដែរ ហើយចុងបំផុតនៃសេចក្តីអំណរគឺជាធ្ងន់ទ្រូងវិញ”(សុភាសិត ១៤:១៣)។ ចិត្តដែលកំពុងតែសប្បាយ ច្រើនតែប្រែជាមានទុក្ខ ព្រោះជីវិតបានតម្រូវឲ្យមាន រឿងបែបនេះកើតឡើងជាធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយ យើងអរព្រះគុណព្រះ ដែលសេចក្តីទុក្ខ មិនលាយឡំនឹងអំណរ ក្នុងជីវិតយើងជារហូតឡើយ។ ព្រោះអ្នកដែលនៅក្នុងព្រះគ្រីស្ទ បានទទួលសេចក្តីសន្យាថា ពេលដែលយើងលាចាកលោកនេះទៅ “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ…
ផ្លែក្រូចនៃបុណ្យណូអែល
ក្នុងសាធារណៈរដ្ឋឆេក និងក្នុងតំបន់ដទៃទៀត ពេលគេប្រារព្ធធ្វើពិធីបុណ្យណូអែល គេក៏បានរាប់បញ្ចូល ការតុបតែងផ្លែក្រូច ដ៏គួរឲ្យចាប់អារម្មណ៍។ ផ្លែក្រូចនោះជាតំណាងឲ្យពិភពលោក ហើយគេបានដោតទានមួយដើមនៅពីលើផ្លែក្រូចនោះ ជាដំណាងឲ្យព្រះគ្រីស្ទ ដែលជាពន្លឺនៃលោកិយ។ រួចគេយកខ្សែបូក្រហមមកចងព័ទជុំវិញផ្លែក្រូចនោះ ជាតំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូវ។ បន្ទាប់មកគេយកឈើចាក់ធ្មេញបួនដើម មកដោតដំណាប់ផ្លែឈើក្រៀមធ្វើជាត្រណោត ហើយសៀតវាចូលតាមខ្សែបូនោះនៅសងខាងផ្លែក្រូច ជាដំណាងឲ្យផលផ្លែសម្រាប់លោកិយ។ ជាការពិតណាស់ ការតុបតែងនេះ ជាការបង្ហាញអំពីគោលបំណង ដែលព្រះគ្រីស្ទយាងចុះមក ដើម្បីនាំពន្លឺចូលមកក្នុងភាពងងឹត ដើម្បីប្រោសលោះលោកិយ ដោយខ្ចាយព្រះលោហិតរបស់ព្រះអង្គ។
លោកយ៉ូហានបានកត់ត្រា អំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហាន។ គាត់បានពិពណ៌នាថា ព្រះយេស៊ូវជាពន្លឺនៃលោកិយ ហើយព្រះអង្គជា “ពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍”(យ៉ូហាន ១:៩)។ ជាងនេះទៅទៀត ព្រះគ្រីស្ទមិនគ្រាន់តែជាពន្លឺដែលយាងមកបំភ្លឺលោកិយ ដែលនៅក្នុងភាពងងឹតប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(ខ.២៩)។
សូមយើងជញ្ជឹងគិតអំពីការនេះចុះ! ព្រះឱរសនៃភូមិបេថ្លេហិម ព្រះអង្គជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ និងមានព្រះជន្មរស់ពីសុគតឡើយវិញ។ ព្រះអង្គបានសង្រ្គោះយើង ឲ្យរួចពីបាប។ ហេតុនេះហើយបានជាសាវ័កយ៉ូហានបានបង្រៀនយើង ឲ្យ “ដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ”(១យ៉ូហាន ១:៧)។ សូមឲ្យអស់អ្នកដែលបានពិសោធនឹងការសង្រ្គោះរបស់ព្រះអង្គ រកឃើញសន្តិភាព នៅក្នុងការដើរក្នុងពន្លឺព្រះអង្គ។—Bill Crowder
ព្រះចាត់ព្រះរាជបុត្រា
បទចម្រៀងជាភាសាអង់គ្លេស ដែលមានចំណងជើងថា ព្រះមែស៊ី ជាស្នាដៃនិពន្ធរបស់លោកហ៊ែនឌែល(Handel)។ ក្នុងបទចម្រៀងនេះ ខ្ញុំចូលចិត្តជាងគេ នៅត្រង់វគ្គដែលយើងអាចច្រៀងដោយអំណរថា “មានបុត្រ១កើតដល់យើង”។ ជាពិសេស ខ្ញុំចូលចិត្តចំណុចដែលគេច្រៀងបន្ទរ ចូលដល់ឃ្លា “ព្រះទ្រង់ប្រទានបុត្រា១មួយដល់យើងហើយ”។ ជាការពិតណាស់ ពាក្យពេចន៍ទាំងអស់នេះ ត្រូវបានអ្នកនិពន្ធ ដកស្រង់ចេញពីបទគម្ពីរអេសាយ ៩:៦ ដែលចែងថា “មានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ”។ នេះជាបទចម្រៀងដ៏មានន័យរបស់លោកហ៊ែនឌែល ដែលសរសើរដំកើងព្រះរាជបុត្រា ដែលបានយាងមករកយើង ដោយចាប់កំណើតជាមនុស្ស នៅថ្ងៃបុណ្យណូអែលដំបូងបំផុត។ ព្រះគម្ពីរសញ្ញាថ្មីបានបកស្រាយកាន់តែច្បាស់ថែមទៀតថា ព្រះរាជបុត្រាមួយអង្គនេះជានរណា។ ក្នុងបទគម្ពីរលូកា ជំពូក១ ទេវតាបានមកជួបនាងម៉ារា ហើយការនេះបានបង្ហាញអំពីអត្តសញ្ញាណទាំងបួនរបស់ព្រះឱរស ដ៏ជាព្រះគ្រីស្ទ ដែលមានដូចតទៅ : ព្រះអង្គនឹងប្រសូត្រជាបុត្រារបស់នាងម៉ារា ដូចនេះព្រះអង្គជាមនុស្ស(១:៣១)។ ព្រះអង្គជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ដូចនេះព្រះអង្គក៏ជាព្រះមួយរយភាគរយ(១:៣២)។ ព្រះអង្គក៏ជាព្រះរាជបុត្រានៃស្តេចដាវីឌផងដែរ មានន័យថា ព្រះអង្គជាប់ខ្សែស្រឡាយស្តេច(១:៣២)។ ហើយព្រះអង្គជាព្រះរាជបុត្រានៃព្រះទៀតផង(១:៣៥) បានជាព្រះអង្គមានភាពស្មើគ្នានឹងព្រះវរបិតា ក្នុងការគ្រប់យ៉ាង។ ត្រង់ចំណុចនេះ ព្រះមែស៊ី អាចបំពេញតួនាទីរបស់ព្រះអង្គបាន ដោយសារព្រះអង្គជាព្រះរាជបុត្រានៃព្រះ។
ពេលដែលយើងថ្វាយបង្គំព្រះអង្គ ក្នុងរដូវកាលនៃបុណ្យណូអែល សូមព្រះប្រទានក្តីអំណរ និងភាពរំភើបរីករាយ ចំពោះអត្ថន័យដ៏ពេញលេញនៃពិធីបុណ្យដ៏សំខាន់នេះ។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះរាជបុត្រាដ៏ល្អឥតខ្ចោះ និងគ្រប់គ្រាន់ ដល់យើងរាល់គ្នា។ ឱសូមយើងចូលមក សរសើរដំកើងព្រះអង្គ!—Bill Crowder
ការភ័យខ្លាចធ្ងន់ធ្ងរ
កាលពីឆ្នាំ១៩៨៣ ក្រុមចម្រៀងកុមារ នៅព្រះវិហាររបស់ខ្ញុំ បានត្រៀមខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍ សម្រាប់ការប្រគុំតន្រ្តីបុណ្យណូអែល ប្រចាំឆ្នាំ នៅពេលយប់។ ពេលកម្មវិធីនោះមកដល់ ក្រុមកុមារដែលបានស្លៀកពាក់ឯកសណ្ឋានរួចជាស្រេច បានចាប់ផ្តើមចូលទៅក្នុងមហោស្រព ជាបណ្តើរៗ ប៉ុន្តែ ភ្លាមនោះ យើងបានឮសម្លេងស្រែកយំនៅច្រកទ្វារខាងក្រោយ។ ខ្ញុំនិងភរិយារបស់ ខ្ញុំក៏បានងាកបែរទៅ ឃើញកូនប្រុសដ៏តូចល្អិតរបស់យើង កំពុងយំឮៗ ដោយបង្ហាញនូវការភ័យខ្លាច នៅលើផ្ទៃមុខរបស់គាត់ ហើយដៃគាត់បានកាន់ដៃទ្វារយ៉ាងជាប់។ គាត់មិនព្រមចូលទៅក្នុងមហោស្រពឡើយ។ បន្ទាប់ពីយើងបាននិយាយចរចាគ្នាយូរបន្តិចមក ទីបំផុត អ្នកដឹកនាំកម្មវិធីក៏បានប្រាប់គាត់ថា គាត់មិនចាំបាច់ឡើងលើវេទិការក៏បាន។ ដូចនេះ គាត់ក៏បានអង្គុយជាមួយយើង ហើយមិនយូរប៉ុន្មានការភ័យខ្លាចរបស់គាត់ក៏បានថមថយ។
តាមធម្មតា យើងមិនដែលគិតថា បុណ្យណូអែលជាពេលដែលមានការភ័យខ្លាចឡើយ ប៉ុន្តែ តាមពិត នៅយប់ដែលព្រះយេស៊ូវប្រសូត្រ ក៏មានព្រឹត្តការណ៍ដែលធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង។ គឺដូចដែលបទគម្ពីរលូកា ២:៩ បានចែងថា “នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំង”(លូកា ២:៩)។ ការមើលឃើញទេវតា គឺហួសពីសមត្ថភាពដែលពួកអ្នកគង្វាលអាចយល់បាន។ ប៉ុន្តែ ទេវតាបានបញ្ជាក់ពួកគេថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(ខ.១០)។
ក្នុងលោកិយ ដែលពេញដោយអំពើបាប យើងចាំបាច់ត្រូវចាំថា ព្រះយេស៊ូវបានយាងមក ធ្វើជាម្ចាស់នៃមេត្រីភាព…
កន្លែងដែលមានទឹក
តំបន់អាហ្វ្រិកខាងកើត ស្ថិតក្នុងចំណោមតំបន់ដែលស្ងួតហួតហែងបំផុត នៅលើផែនដី ហើយការនេះបានធ្វើឲ្យ “ណៃរូប៊ី” ក្លាយជាឈ្មោះដ៏មានន័យរបស់ទីក្រុងមួយ ក្នុងតំបន់នោះ។ ឈ្មោះនេះមានប្រភពមកពីឃ្លាជាភាសាម៉ាសៃ ដែលប្រែមកថា “ទឹកត្រជាក់” តាមន័យត្រង់ គឺមានន័យថា “កន្លែងដែលមានទឹក”។
ក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិ វត្តមាននៃទឹកបានក្លាយជាប្រភពនៃជីវិត និងយុទ្ធសាស្រ្ត។ ទោះបីជាមនុស្សយើងរស់នៅ ក្នុងកន្លែងដែលមានអាកាសធាតុស្ងួត ឬក្នុងតំបន់ព្រៃទឹកភ្លៀងក៏ដោយ ក៏ទឹកនៅមានភាពចាំបាច់ ដែលមិនអាចអត់បានដូចគ្នា។ ក្នុងតំបន់រាំងស្ងួត ដែលមិនអាចដាំដុះអ្វីបាន មនុស្សមិនអាចរស់នៅបានឡើយ បើសិនជាមិនស្គាល់កន្លែងរកទឹក។
យ៉ាងណាមិញ ជីវិតខាងវិញ្ញាណរបស់យើង ក៏មានធាតុផ្សំដែលមិនអាចអត់បានផងដែរ។ ហេតុនេះហើយបានជា នៅពេលដែលព្រះយេស៊ូវជួបស្រ្តីម្នាក់ ដែលមានការស្រេកឃ្លានខាងវិញ្ញាណ នៅក្បែរអណ្តូងទឹក ព្រះអង្គបានប្រកាសប្រាប់ដល់នឹងថា មានតែព្រះអង្គទេដែលអាចប្រទានទឹកដ៏រស់។ ព្រះអង្គបានប្រាប់នាងថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។
វិញ្ញាណរបស់យើងស្រែករកព្រះ ហើយរឭកចង់បានព្រះអង្គ(ទំនុកដំកើង ៦៣:១) ដូចសត្វក្តាន់ ដែលដង្ហក់រកទឹក ក្នុងទំនុកដំកើង ៤២:១-២។ យើងត្រូវការការផ្គត់ផ្គង់ ដែលមានតែព្រះយេស៊ូវគ្រីស្ទទេ ដែលអាចប្រទានឲ្យបាន។ ព្រះអង្គជាប្រភពនៃទឹកដ៏រស់ ដែលធ្វើឲ្យចិត្តយើងស្រស់ស្រាយ។—Bill Crowder
ការយកចិត្តទុកដាក់ដ៏ពិត
ក្នុងយប់ដំបូង នៃការបោះជំរំគ្រួសារ អ្នកដឹកនាំការបោះជំរំបានជូនដំណឹងដល់ក្រុមគ្រួសារទាំងឡាយ អំពីកាលវិភាគ សម្រាប់ការបោះជំរំមួយសប្តាហ៍នោះ។ ពេលគាត់ចែកចាយចប់ គាត់បានសួរពួកគេថា តើមាននរណាមានយោបលអ្វីទេ? ពេលនោះ មានក្មេងស្រីម្នាក់បានក្រោកឈរឡើង ហើយនិយាយអំពាវនាវសុំជំនួយ ធ្វើឲ្យយើងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ នាងបានចែកចាយអំពីប្អូនប្រុសតូចរបស់នាង ដែលជាក្មេងប្រុសដែលមានតម្រូវការពិសេស ហើយពិបាកមើលថែរ។ នាងបានប្រាប់យើងថា បញ្ហានេះបានធ្វើឲ្យក្រុមគ្រួសាររបស់នាង មានការពិបាកយ៉ាងណា ហើយនាងបានសូមឲ្យគេរាល់គ្នា ឧស្សាហ៍ក្រឡេចមើលក្មេងប្រុសនោះ ក្នុងពេលមួយសប្តាហ៍នោះផង នោះជាការអំពាវនាវ ដែលកើតចេញពីការខ្វល់ខ្វាយដ៏ពិត ដែលនាងមានចំពោះប្អូនប្រុស និងឪពុកម្តាយរបស់នាង។ ក្នុងពេលមួយសប្តាហ៍នោះ ខ្ញុំមានការសប្បាយចិត្តណាស់ ដែលបានឃើញពួកគេជួយយកអសារគ្រួសារមួយនោះ។
ការអំពាវនាវរបស់នាង នៅយប់នោះ ជាការរំឭកដ៏ស្រទន់ឲ្យយើងនឹកចាំថា យើងរាល់គ្នាងាយនឹងវក់វីនឹងជីវិត និងបញ្ហារបស់យើងណាស់ រហូតដល់យើងមិនបានមើលឃើញតម្រូវការរបស់អ្នកដទៃ។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានបកស្រាយអំពីការទទួលខុសត្រូវរបស់យើង យ៉ាងដូចនេះថា “កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៤)។ ខគម្ពីរបន្ទាប់ បានប្រាប់យើងឲ្យយកតម្រាប់តាមព្រះយេស៊ូវ គឺដូចដែលមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”។
ការមើលថែររបស់យើង បង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះអ្នកដែលកំពុងមានទុក្ខ ដែលជាការយកគំរូតាមព្រះយេស៊ូវ។ សូមយើងសម្រាកនៅក្នុងព្រះគុណព្រះ ដោយទុកចិត្តថា ព្រះអង្គនឹងជួយឲ្យយើង មានលទ្ធភាពបម្រើអ្នកដទៃ ពេលដែលពួកគេមានតម្រូវការ។—Bill Crowder